ព័ត៌មាន និងសេចក្តីជូនដំណឹង

កម្មវិធីសន្និសីទ្ធសារព័ត៌មានស្ដីពីកម្មវិធីប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិសប្បុរសធម៌ កម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កាលពីព្រឹកថ្ងៃសុក្រ ៤កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩, មានការរៀបចំកម្មវិធីសន្និសីទ្ធសារព័ត៌មានស្ដីពីកម្មវិធីប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិសប្បុរសធម៌ កម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកក្នុងទ្រទ្រង់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។

កម្មវិធីប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិសប្បុរសធម៌នេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ដែលនឹងមានការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ និងការសំដែងរបស់ក្រុមតារាសិល្បៈកម្ពុជា-ថៃ ព្រមទាំងមានការប្រគំតន្រ្តីបន្ទាប់ពីបញ្ចប់ការប្រកួត ផងដែរ។ កម្មវិធីនេះ មានកិច្ចសហការជាមួយក្រុមហ៊ុន ALL THAT ONCE CO., LTD, ក្រុមក្លឹបបាល់ទាត់ ONCE UNITEDនៅប្រទេសថៃ, ផលិតកម្មមហាហង្ស, ក្លឹបបាល់ទាត់បឹងកេតនៅកម្ពុជា ដោយមានការសម្របសម្រួលពីលោក Sak Chanbotum ពី ALL STARS CHARITY SOCCER MATCH និងជាទីប្រឹក្សារបស់សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព រង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនថា៖​ រាល់កម្រៃដែលបានមកពីការលក់សំបុត្រចូលរួមទស្សនាកម្មវិធីប្រកួតបាល់ទាត់ និងការប្រគុំតន្ត្រីនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នឹងប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារកម្ពុជាដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។