ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានចុះទៅសង្កេតមើលវឌ្ឍនភាពនៃការសាងសង់អាគារមន្ទីរពេទ្យគន្ធបុប្ផាថ្មី ដែលសម្រាប់បម្រើដល់ការវះកាត់

ដើម្បីត្រៀមអនុវត្តនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, កាលពីព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី២១ ខែមករា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានចុះទៅសង្កេតមើលវឌ្ឍនភាពនៃការសាងសង់អាគារមន្ទីរពេទ្យគន្ធបុប្ផាថ្មី ដែលសម្រាប់បម្រើដល់ការវះកាត់ ដែលរួមមានទាំងការវះកាត់ជំងឺបេះដូង និងខួរក្បាល ព្រមទាំងពិនិត្យមើលទីតាំងបន្ទប់សង្គ្រោះបន្ទាន់ទូទៅ និងសង្គ្រោះបន្ទាន់ទារក (ICU-NICU) នៅជាន់ទី១នៃអាគារដែលកំពុងសាងសង់នេះ ដែលទទួលបានការសម្រេចជាឯកច្ឆ័នក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១​ ថានឹងចូលរួមបំពាក់សម្ភារៈបរិក្ខាដោយមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងពេលនោះ ក្រុមការងារក៏បានឆ្លៀតជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា និងតំណាងមូលនិធិគន្ធបុប្ផាស្វីស ដើម្បីចែករំលែកព័ត៌មានគ្នាទៅវិញទៅមកផងដែរ។