ព័ត៌មាន និងសេចក្តីជូនដំណឹង

ថវិកាបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុសរុបចំនួន ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល មកប្រគល់ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ០៦កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយលោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចរ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានជួបសំណេះសំណាលជាមួយក្រុមការងារគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តព្រះសីហនុដែលដឹកនាំដោយលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត។ នៅក្នុងពិធីសំណេះសំណាលនោះ ក្រុមការងារគណៈកម្មការទ្រទ្រង់មូនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តព្រះសីហនុ បាននាំមកនូវថវិកាបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុសរុបចំនួន ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល មកប្រគល់ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមដើម្បីធានាដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបផងដែរថា៖គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តព្រះសីហនុត្រូវបានបង្កើតឡើងក្រោមកិច្ចផ្ដួចផ្ដើមពីសំណាក់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តព្រះសីហនុ ដើម្បីជំរុញការកៀរគរការបរិច្ចាគពីសប្បុរសជនកាន់តែទូលំទូលាយស្របតាមប្រសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសេចក្ដីថា “បើម្នាក់ចូលរួម ៥០០០ រៀលក្នុងមួយខែ ហើយយើងរួបរួមគ្នាបានដល់ចំនួន ២,០០០,០០០ (ពីរលាន) នាក់ នោះយើងនឹងអាចជួយរក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផាបានយ៉ាងប្រសើរ” ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខេត្តព្រះសីហនុទាំងអស់ ដែលបានលះបង់នូវថវិកាផ្ទាល់ខ្លួន ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សង្ឃឹម និងជឿជាក់ថាថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅតាមបណ្ដារាជធានី-ខេត្តផ្សេងៗទៀតនឹងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដែលជារបស់អ្នកគ្រប់គ្នា និងសម្រាប់កុមារគ្រប់រូប ដើម្បីនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុទាំងអស់ជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111, 090 888 072