ព័ត៌មាន និងសេចក្តីជូនដំណឹង

ថ្នាក់ដឹកនាំកងពលតូចដឹកជញ្ជូនលេខ៩០ នៃកងទ័ពជើងគោក និងសហការី បាននាំមកនូវថវិកាបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២០,២៨០,០០០ (ម្ភៃលានពីររយប៉ែតសិបពាន់)

កងយុទ្ធពលខេមរភូមិន្ទ មិនត្រឹមតែខិតខំការពារជាតិមាតុភូមិយើងប៉ុណ្ណោះទេ ថែមទាំងបានបំពេញសកម្មភាពមនុស្សធម៌ថែមទៀត។ ជាក់ស្ដែង នៅព្រឹកថ្ងៃអង្គារ ៥រោច ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំកងពលតូចដឹកជញ្ជូនលេខ៩០ នៃកងទ័ពជើងគោក និងសហការី បាននាំមកនូវថវិកាបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២០,២៨០,០០០ (ម្ភៃលានពីររយប៉ែតសិបពាន់) រៀល នៅមជ្ឈមណ្ឌលព័ត៌នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ចន ណារិទ្ធ ប្រធានលេខាធិការរដ្ឋាននៃមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញផងដែរ។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំកងពលតូចដឹកជញ្ជូនលេខ៩០ នៃកងទ័ពជើងគោក និងសហការី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ រួមទាំងថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមបន្តនិរន្តរភាពនៃកិច្ចដំណើរការបស់មន្ទីរពេទ្យគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយកៀរគរថវិកាបរិច្ចាគពីគ្រប់មជ្ឈដ្ឋានស្របច្បាប់នានា ដើម្បីចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាអង្គភាពស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការប្រមូលថវិកាបរិច្ចាគ ដើម្បីទ្រទ្រង់ដល់កិច្ចដំណើរការដល់មន្ទីរពេទ្យគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃកងពលតូចដឹកជញ្ជូន ជូបប្រទះតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដែលជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប ក្នុងការនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគត់ដ៏ភ្លឺស្វាងរបស់កម្ពុជា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111