ព័ត៌មាន និងសេចក្តីជូនដំណឹង

ទឹកប្រាក់សរុបចំនួន ៣,៤៦៤,៤៧០ (បីលាន បួនរយហុកសិបបួនពាន់ បួនរយចិតសិប)ដុល្លារអាមេរិក ដែលជាកម្រៃក្នុងត្រីមាសទី២, ទី៣ និងទី៤ នៃឆ្នាំ ២០១៨ ត្រូវបានបង់ដោយគ្រឹះស្ថានអង្គរមកមូលនិធិគន្ធបុប្ផាកម្ពុជា

អនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការកាត់កម្រៃពីថ្លៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា គ្រឹះស្ថានអង្គរដែលជាស្ថាប័នទទួលខុសត្រូវលើការគ្រប់គ្រងការប្រមូលចំណូលនេះបានបង់ថវិកាសរុបចំនួន ៥,១៨១,៦៣០ (ប្រាំលាន មួយរយប៉ែតសិបមួយពាន់ ប្រាំមួយរយសាមសិប)ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។

ដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទឹកប្រាក់សរុបចំនួន ៣,៤៦៤,៤៧០ (បីលាន បួនរយហុកសិបបួនពាន់ បួនរយចិតសិប)ដុល្លារអាមេរិក ដែលជាកម្រៃក្នុងត្រីមាសទី២, ទី៣ និងទី៤ នៃឆ្នាំ ២០១៨ ត្រូវបានបង់ដោយគ្រឹះស្ថានអង្គរមកមូលនិធិគន្ធបុប្ផាកម្ពុជា ដែលក្នុងនោះ៖
– ត្រីមាសទី២ មានទឹកប្រាក់ចំនួន ៩៩៦,៧៦២ ដុលា្លរអាមេរិក
– ត្រីមាសទី៣ មានទឹកប្រាក់ចំនួន ១,០៨៩,២១៦ ដុល្លារអាមេរិក
– ត្រីមាសទី៤ មានទឹកប្រាក់ចំនួន ១,៣៧៨,៤៩២ ដុល្លារអាមេរិក

ដោយឡែក ទឹកប្រាក់ក្នុងត្រីមាសទី១ ចំនួន ១,៧១៧,១៦០ ដុល្លារអាមេរិក ត្រូវបានគ្រឹះស្ថានអង្គរប្រគល់ដោយផ្ទាល់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលការប្រគល់នេះបានធ្វើនៅមុនពេលមូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតជាផ្លូវការ។

ក្រោយពីបានទទួលថវិកាពីគ្រឹះស្ថានអង្គរទាំងបីត្រីមាសនេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ប្រក្រតីភាព និងនិរន្តរភាពនៃការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារ និងទារកដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។ បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមបរិច្ចាគក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាកាយវិការសប្បុរសធម៌ដ៏ប្រពៃ ដើម្បីបុព្វហេតុជួយសង្គ្រោះកុមារ ដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។

នៅក្រោមពាក្យស្លោក “ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា” មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់ស្ថាប័ន ទាំងរដ្ឋ និងទាំងឯកជន ក៏ដូចជាសប្បុរសជន ទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់យើងគ្រប់គ្នា និងសម្រាប់កុមារគ្រប់រូប ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។