ព័ត៌មាន និងសេចក្តីជូនដំណឹង

បុគ្គលិកក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ៨០៨ នាក់ Vital Premium Water ចូលជាសមាជិកមូលនិធិគន្ធបុប្ផាកម្ពុជា

កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩, មូលនិធិគន្ធបុប្ផាកម្ពុជា និងក្រុមហ៊ុន អិន.វី.ស៊ី ខបភើរេសិន (វីតាល់) បានរៀបចំព្រឹត្តិការណ៍ដ៏វិសេសវិសាលមួយដើម្បីចុះឈ្មោះបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ចំនួន ៨០៨នាក់ របស់ក្រុមហ៊ុនចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់របស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន អិន.វី.ស៊ី ខបភើរេសិន (វីតាល់)។

ព្រឹត្តិការណ៍នេះកៀរគរបាននូវថវិកាចំនួន ៨៦ ១៨០ ០០០ (ប៉ែតសិបប្រាំមួយលាន មួយរយប៉ែតសិបពាន់)រៀល ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងបានធ្វើឱ្យក្រុមហ៊ុនវីតាល់ក្លាយជាក្រុមហ៊ុនទឹកសុទ្ធទីមួយ​ ដែលបានបំផុសឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ខ្លួន ចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលក្នុងនោះមានបុគ្គលិកខ្លះចូលជាសមាជិកដោយបរិច្ចាគជាប្រចាំឆ្នាំ សម្រាប់រយៈពេល១០ឆ្នាំ, រយៈពេល១៥ឆ្នាំ និងរហូតដល់សម្រាប់រយៈពេល១០០ឆ្នាំផងដែរ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្ដួចផ្ដើមនេះ និងសូមបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សេងៗទៀតក្នុងការបំផុសចលនាឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់បរិច្ចាគចូលជាសមាជិករបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ ”ដើម្បីរួមគ្នានាំភាពញញឹមជូនកុមារកម្ពុជាដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។