ព័ត៌មាន និងសេចក្តីជូនដំណឹង

ប្រជាជនខ្មែរនៅប្រទេសកាណាដារាប់រយនាក់ចូលជាសមាជិកមូលនិធិគន្ធបុប្ផាកម្ពុជា

ក្រោយពីបានជួបសំណេះសំណាលជាមួយលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា​ កាលពីរសៀលថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកាណាដា បានសម្របសម្រួល និងនាំតំណាងបងប្អូនខ្មែរ​ ដែលរស់នៅប្រទេសកាណាដា ហើយបានចូលជាសមាជិកមូលនិធិគន្ធបុប្ផាកម្ពុជា មកសង្កេតមើលទិដ្ឋភាពទូទៅនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ(វត្តភ្នំ) ដោយមានការទទួលស្វាគមន៍ពីក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា, តំណាងមូលនិធិគន្ធបុប្ផាស្វីស និងប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញផងដែរ។

នៅក្នុងជុំនួបស្វាគមន៍នោះ តំណាងបងប្អូនខ្មែរនៅកាណាដា​ បាននាំមកនូវថវិកាចំនួន ៣៤ ៦៧០ (សាមសិបបួនពាន់ ប្រាំមួយរយចិតសិប)​ ដុល្លារកាណាដា ដែលបានមកពីការចូលជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជាពីសំណាក់បងប្អូនខ្មែររស់នៅប្រទេសកាណាដា មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារកម្ពុជាដែលជាអនាគតភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដែលបានបំផុសចលនាចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងសូមបន្តលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ជាសមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ។
______________________
សូមបរិច្ចាគជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111