ព័ត៌មាន និងសេចក្តីជូនដំណឹង

ពិធីសូត្រមន្តដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពឯកឧត្ដមវេជ្ជបណ្ឌិត Beat Richner នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រុងសៀមរាប ខេត្តសៀមរាប

មូលនិធិគន្ធបុប្ផាកម្ពុជាដែលមានឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា​ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពឯកឧត្ដមវេជ្ជបណ្ឌិត Beat Richner នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រុងសៀមរាប ខេត្តសៀមរាប នៅរសៀលថ្ងៃពុធ ១៣រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។ ការចូលរួមនេះគឺជាកាយវិការបង្ហាញនូវការរំលឹកគុណដ៏ធំធេងដែលឯកឧត្ដមវេជ្ជបណ្ឌិត Beat Richner មានចំពោះប្រជាជន និងកុមារកម្ពុជា ក៏ដូចជាការបង្ហាញពីទំនាក់ទំនងល្អនិងភាពជិតស្និតរវាងមូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផាស្វីស។