ព័ត៌មាន និងសេចក្តីជូនដំណឹង

ពីធីប្រគល់-ទទួលថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩, នៅទីស្តីការកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើការសំណេះសំណាល និងប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០១៩ របស់កាកបាទក្រហមកម្ពុជាចំនួន ១ ០០០ ០០០ (មួយលាន)ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

នេះគឺជាលើកទី២ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់វិភាគទានសប្បុរសធម៌ប្រចាំឆ្នាំជូនមូលនិធិគន្ធបុប្ផាកម្ពុជា បន្ទាប់ពីមូលនិធិត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ វិភាគទានសប្បុរសធម៌ចំនួន ១ ០០០ ០០០ (មួយលាន)ដុល្លារអាមេរិក នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីយកទៅប្រើប្រាស់សម្រាប់បម្រើដល់ការផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដល់កុមារកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ក្នុងជំនួបសំណេះសំណាល និងប្រគល់-ទទួលថវិកានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពីទំហំ និងប្រភពថវិកា ដែលមូលនិធិគន្ធបុប្ផាកម្ពុជាទទួលបាននាពេលកន្លងមក ព្រមទាំងបានគោរពជម្រាបជូនពីចំនួនថវិកាដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានផ្ទេរជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងការទទួលជួបក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងបានលើកឡើងពីសកម្មភាពសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជានាពេលកន្លងមក ដែលមានជាអាទិ៍៖ ការផ្ដល់អណ្ដូងទឹកតាមសហគមន៍ ការឧបត្ថម្ភមជ្ឈមណ្ឌលកុមារកំព្រា ការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនានា និងកាងារមនុស្សធម៌ជាផ្សេងៗជាច្រើនទៀត។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានលើកឡើងពីគុណបំណាច់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ចំពោះបុព្វហេតុកុមារកម្ពុជានាពេលកន្លងមក និងបានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ឱ្យបន្តរក្សាគុណភាពនៃការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ និងបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគោរពថ្លែងសរសើរចំពោះការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឱ្យកាកបាទក្រហមកម្ពុជាមានការរីកចម្រើនខ្លាំង និងបានក្លាយជាស្ថាប័នមនុស្សធម៌ដ៏រឹងមាំមួយនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់កិត្តិយសដ៏វិសេសវិសាល និងចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការទទួលជួបក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងបានប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំចំនួន ១ ០០០ ០០០ (មួយលាន)ដុល្លារអាមេរិក របស់កាកបាទក្រហមកម្ពុជា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តចូលរួមគាំទ្រដល់និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមពាក្យស្លោក “ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា” ។

សូមបញ្ជាក់ថា មុនពេលដែលមូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតឡើង សប្បុរសជនខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុក រួមទាំងកាកបាទក្រហមកម្ពុជា តែងតែបានបរិច្ចាគ និងឧបត្ថម្ភថវិកាជាប្រចាំ តាមរយៈមូលនិធិគន្ធបុប្ផាស្វីស ក្នុងគោលដៅជួយរក្សានូវកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ដោយឈរលើទស្សនៈ “ខ្មែរជួយខ្មែរ” និងប្រតិបត្តិតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថាបនិក និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើង និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨,មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងនាមជា៖ ១).សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល ឬ ៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ ២). សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់)រៀល ក្នុងមួយខែ ឬ៦០ ០០០ (ហុកសិបពាន់)រៀល ក្នុងមួយឆ្នាំ។