ព័ត៌មាន និងសេចក្តីជូនដំណឹង

មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលសមាជិគាំទ្របន្ថែមចំនួនជាង៥០០០នាក់

ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ និងដោយមានការចូលរួមពីលោកសាស្ត្រាចារ្យប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងតំណាងមូលនិធិគន្ធបុប្ផាស្វីស បានទទួលថវិកាបរិច្ចាគប្រចាំឆ្នាំចំនួន ២៤៥ ០៧៥ ០០០ (ពីររយសែសិបប្រាំលាន ចិតសិបប្រាំពាន់)រៀល ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ កាលពីព្រឹកថ្ងៃទីអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ដែលថវិកាបរិច្ចាគនេះបានមកពីការចូលជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា​ ពីសំណាក់នាយទាហាន យទាហានរង និងពលទាហាន ចំនួន៥៤១៣រូប នៃកងពលធំអន្តរាគមន៍លេខ២។ ការចូលរួមបរិច្ចាគនេះ ឆ្លុះបញ្ចាំងពីស្មារតី “ខ្មែរជួយខ្មែរ ” ពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហាន ដែលមិនត្រឹមតែបានការពារជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមថែទាំសុខភាពកុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សីទៀតផង។

នៅក្នុងពិធីនោះដែរ ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ ក៏បានប្រគល់បណ្ណថ្លែងអំណរគុណ ដែលចុះហត្ថលេខាដោយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជូនឯកឧត្តមឧត្ដមសេនីយឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ចំពោះការចូលររួមជាមួយរាជរដ្ឋាភិបាលក្នុងការនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសនេះ ជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលបានជួយបំផុសចលនាចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងសូមបន្តលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ជាសមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ។