ព័ត៌មាន និងសេចក្តីជូនដំណឹង

រដ្ឋាភិបាលស្វីសបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ជារយៈពេល០៤ឆ្នាំទៀត

កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Ivo Sieber ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំនៅកម្ពុជា ក្នុងខណៈពេលដែលឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្ម។ ក្នុងឱកាសនោះ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសចំពោះការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ជារយៈពេល០៤ឆ្នាំទៅមុខទៀត។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកមន្រ្តីក៏បានគូសបញ្ជាក់ជូនលោក Ivo Sieber អំពីការខិតខំយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជាដែលជាមូលនិធិផ្លូវការ ដើម្បីកៀរគរអំណោយ ឧបត្ថមធន និងវិភាគទានពីប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព។