ព័ត៌មាន និងសេចក្តីជូនដំណឹង

លោកប្រាក់ មុន្នីឧត្តម, សារ៉េត គ្រីយ៉ា, នេន សុធារ័ត្ន, សំអឿន ពិដោរ, សឿយ វិសាល និងក្រុមកីឡាករយុវជន U18 ចូលរួមកម្មវិធីបរិច្ចាគឈាមជូនមន្ទីរពេទ្យគន្ធបុប្ផាជាមួយថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩, លោកជំទាវ ងួន សុខា នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានជួបសំណេះសំណាលជាមួយតំណាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង Preah Khan Reach Svay Rieng FC គឺលោក សេង សាមមឺឌី ក្នុងឱកាសដែលលោកបានដឹកនាំកីឡាករស្ម័គ្រចិត្តមួយចំនួនរួមមាន៖ លោកប្រាក់ មុន្នីឧត្តម, សារ៉េត គ្រីយ៉ា, នេន សុធារ័ត្ន, សំអឿន ពិដោរ, សឿយ វិសាល និងក្រុមកីឡាករយុវជន U18 ចូលរួមកម្មវិធីបរិច្ចាគឈាមជូនមន្ទីរពេទ្យគន្ធបុប្ផាជាមួយថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងកម្មវិធីសំណេះសំណាលនេះ លោកជំទាវនាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលក្លឹបព្រះខ័នរាជស្វាយរៀងបានដឹកនាំក្រុមកីឡាករចូលរួមសកម្មភាពមនុស្សធម៌នេះ។ លោកជំទាវក៏បានលើកឡើងផងដែរថា ការតភ្ជាប់វិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ ទៅនឹងសកម្មភាពមនុស្សធម៌ តាមរយៈសកម្មភាពរបស់មូលនិធិគន្ធបុប្ផាកម្ពុជា គឺពិតជាមានសារៈសំខាន់ ក្នុងការជួយផ្សព្វផ្សាយ និងបំផុសចលនាកៀរគរវិភាគទានសប្បុរសធម៌ ដើម្បីគាំទ្រដល់និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។
តំណាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក សេង សាមមឺឌី ក៏បានបង្ហាញនូវភាពរីករាយដែលបានចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ជាពិសេសរួមចំណែកក្នុងការជួយដល់កុមារកម្ពុជា តាមរយៈការបរិច្ចាគឈាមនេះ។ លើសពីនេះទៅទៀត ក្លឹបក៏សន្យាថានឹងជួយផ្សព្វផ្សាយ និងបំផុសចលនាកៀរគរការបរិច្ចាគដើម្បីបង្កើនចំនួនសមាជិកកិត្តិយស ឬសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយសមាជិកក្លឹប និងអ្នកគាំទ្រវិស័យកីឡានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅតែមួយគត់គឺសង្រ្គោះកុមារកម្ពុជា។
លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចំពោះការចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ និងបានអំពាវនាវ ព្រមទាំងលើកទឹកចិត្តឱ្យក្លឹបកីឡាផ្សេងៗទៀតចូលរួមបរិច្ចាគឈាម និងកៀរគរកាបរិច្ចាគថវិកាតាមទម្រង់ផ្សេងៗដែលក្លឹបនីមួយៗអាចធ្វើបាន ក្នុងការចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ កម្មវិធីបរិច្ចាគឈាមនេះត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីមូលនិធិគន្ធបុប្ផាកម្ពុជា។