ព័ត៌មាន និងសេចក្តីជូនដំណឹង

លោកលី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ Learning Jungle និងក្រុមការងារបានចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា

នៅរសៀលថ្ងៃព្រហស្បត៏ ២កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៨ នេះ, លោកលី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ Learning Jungle និងក្រុមការងារបានចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវភាពញញឺមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ដោយបាននាំមកនូវថវិកាបិរច្ចាគចំនួន ៨,០០០ (ប្រាំបីពាន់) ដុល្លារអាមេរិក ដែលទទួលបានតាមរយៈការលក់សំបុត្រចូលរួមកម្មវិធីចែកសញ្ញាបត្រ និងសម្ដែងសិល្បៈរបស់សិស្សានុសិស្ស កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។ ពិធីប្រគល់ថវិកាបរិច្ចាគនេះមានការចូលរួមទទួលដោយឯកឧត្ដម ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជានៅឯមន្ទីរពេទ្យគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកលី វីរៈ និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការរៀបចំកម្មវិធី ដ៏មានអត្ថន័យនេះឡើង ក្នុងគោលដៅរួមគ្នាដើម្បីរក្សានិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផា ឬពេទ្យទេព្ដា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា លោកឧកញ្ញ៉ា លោក លោកស្រី និងអ្នកនាងកញ្ញា ចូលរួមឱ្យកាន់តែច្រើនឡើងថែមទៀតជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់អ្នកគ្រប់គ្នា និងសម្រាប់កុមារគ្រប់រូប។ ដូច្នេះការចូលរួមបរិច្ចាគទោះតិចក្ដី ច្រើនក្ដី ពីសំណាក់ឯកឧត្ដម លោកជំទាវ អ្នកឧកញ្ញ៉ា លោកឧកញ្ញ៉ា លោក លោកស្រី និងអ្នកនាងកញ្ញា ពិតជាមានសារសំខាន់ណាស់។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111, 090 888 072