ព័ត៌មាន និងសេចក្តីជូនដំណឹង

លោកលី សេងឃុង តំណាងក្រុមហ៊ុន ម៉ាស្ទើ ស៊ុគីស៊ុប(Master Suki Soup) និងសហការី បាននាំមកនូវថវិកាសប្បុរសធម៌បន្ថែមចំនួន៨៨,០០០,០០០ (ប៉ែតសិបប្រាំបីលាន) រៀលទៀត មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ដោយមានទឹកចិត្តសប្បុរសចំពោះកុមារ និងដោយមើលឃើញពីតម្រូវការថវិកាដ៏ច្រើនក្នុងការបន្តនិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃអង្គារ ០៥រោច ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកលី សេងឃុង តំណាងក្រុមហ៊ុន ម៉ាស្ទើ ស៊ុគីស៊ុប(Master Suki Soup) និងសហការី បាននាំមកនូវថវិកាសប្បុរសធម៌បន្ថែមចំនួន៨៨,០០០,០០០ (ប៉ែតសិបប្រាំបីលាន) រៀលទៀត មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា បន្ទាប់ពីបានបរិច្ចាគលើកទី១ជូនមូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នូវថវិកាចំនួន៨០,០០០,០០០ (ប៉ែតសិបលាន) រៀលរួចមក។ ដូច្នេះ ថវិកាទាំងពីរលើកដែលលោកលី សេងឃុងបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា សរុបស្មើរនឹង ១៦៨,០០០,០០០ (មួយរយហុកសិបប្រាំបីលាន)រៀល ដោយមានការចូលរួមទទួលថវិកាបរិច្ចាគពីលោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចរ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញផងដែរ។
នៅក្នុងពីធីទទួលថវិកាសប្បុរសធម៌នេះ លោក នង ពិសិដ្ឋ និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងអំណគុណដល់ក្រុមហ៊ុន ម៉ាស្ទើ ស៊ុគីស៊ុប(Master Suki Soup) ដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃ ចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដែលជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប ដើម្បីធានាដល់និរន្តរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបំពេញបេសកម្មពនិត្យ ពិគ្រោះ និងព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃ។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមជូនពរដល់ក្រុមហ៊ុន ម៉ាស្ទើ ស៊ុគីស៊ុប(Master Suki Soup) ទទួលបានជោគជ័យបន្ថែមទៀតក្នុងការប្រកបអាជីវកម្ម និងសូមជូនពរដល់ម្ចាស់ក្រុមហ៊ុន គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ជួបប្រទះតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយកៀរគរថវិកាបរិច្ចាគពីគ្រប់មជ្ឍដ្ឋានស្របច្បាប់នានា ដើម្បីចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដែលជាអង្គភាពស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការប្រមូលថវិកាបរិច្ចាគដើម្បីទ្រទ្រដល់កិច្ចដំណើរការដល់មន្ទីរពេទ្យគន្ធបុប្ផា។
សូមរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគត់ដ៏ភ្លឺស្វាងរបស់កម្ពុជា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111