ព័ត៌មាន និងសេចក្តីជូនដំណឹង

ឯកឧត្ដម ចន ណារិទ្ធ និងក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា​ បានទៅសង្កេតមើលដំណើរការមន្ទីរពេទ្យ

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគោលដៅធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, ភាគីពាក់ព័ន្ធរួមមានតំណាងមូលនិធិគន្ធបុប្ផាកម្ពុជា, តំណាងមូលនិធិគន្ធបុប្ផាស្វីស និងតំណាងមន្ទីរពេទ្យគន្ធបុប្ផា បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់។ កាលពីពេលថ្មីៗនេះ បន្ទាប់ពីកិច្ចពិភាក្សារវាងភាគីទាំងបី និងដោយមានការសម្របសម្រួលពីលោកប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងតំណាងមូលនិធិគន្ធបុប្ផាស្វីស, ឯកឧត្ដម ចន ណារិទ្ធ និងក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា​ បានទៅសង្កេតមើលដំណើរការមន្ទីរពេទ្យ, ស្ថានភាពជាក់ស្តែងនៃការពិនិត្យ ព្យាបាលជំងឺ ជាពិសេសក្នុងរដូវកាលដែលជំងឺគ្រុនឈាមចាប់ផ្តើមរាតត្បាត និងពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារថ្មី ដែលមូលនិធិគន្ធបុប្ផាកម្ពុជាសម្រេចចូលរួមបំពាក់ឧបករណ៍ក្នុងបន្ទប់សង្រ្គោះបន្ទាន់ទារក និងសង្គ្រោះបន្ទាន់ទូទៅ (ICU-NICU) នៅជាន់ទី១ នៃអគារ ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលខាងមុខ។