ព័ត៌មាន និងសេចក្តីជូនដំណឹង

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១

កាលពីរសៀលថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨, ដែលត្រូវនឹងថ្ងៃចន្ទ ០១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី ១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖

១. វឌ្ឍនភាពការងារឆ្នាំ ២០១៨៖
ក្រុមប្រឹក្សាបរធនបាលបានធ្វើការវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋាននៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានខិតខំបំពេញការងារប្រកបដោយវឌ្ឍនភាព។ ជាក់ស្តែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មូលនិធិគន្ធ បុប្ផាកម្ពុជា ទទួលបានមូលនិធិបរិច្ចាគ (១) ជាសាច់ប្រាក់៖ ប្រាក់រៀលចំនួន ៤៤,៤៦៩,០៣៣,៦៨៧ រៀល និងប្រាក់ដុល្លារចំនួន ៧,១៦៩,២៦៤ដុល្លារ និង (២) ជាទ្រព្យសកម្ម៖ ដីមួយកន្លែងទំហំ ១,៣៧២ ម៉ែត្រក្រឡា ដែលមានតម្លៃប្រមាណ ៨ លានដុល្លារ ។

២. ផែនការសកម្មភាពឆ្នាំ២០១៩៖
ក្រុមប្រឹក្សាបរធនបាល បានអនុម័តលើផែនការសកម្មភាពឆ្នាំ២០១៩ ដែលលេខាធិការដ្ឋានបានស្នើឡើងដោយផ្តល់នូវការណែនាំបន្ថែមលើការងារសំខាន់ៗចំនួន ៣ ដែលត្រូវផ្តោតការយកចិត្តទុកដាក់គឺ៖ (១) ពង្រឹងការរៀបចំប្រព័ន្ធគ្រប់គ្រងសមាជិក និងការគ្រប់គ្រងមូលនិធិ, (២) រៀបចំបង្កើតព្រឹត្តិការណ៍ និងសកម្មភាពនានាដើម្បីធ្វើការកៀរគរការបរិច្ចាគឲ្យបានកាន់តែច្រើន និង (៣) បង្កើនការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈអំពីមូលនិធិឲ្យបានកាន់តែទូលំទូលាយ។

៣. បញ្ហាផ្សេងៗ៖
ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានពិនិត្យ និងសម្រេចលើបញ្ហាផ្សេងៗមួយចំនួន ដែលរួមមាន៖ (១) ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជម្រាប ក្រុមប្រឹក្សាបរធនបាលថា នៅក្នុងអំឡុងខែមករា ឆ្នាំ ២០១៩ នេះ, រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំនីតិវិធីផ្ទេរថវិកាចំនួនប្រមាណ ១០២ ពាន់លានរៀល ជូនមូលនិធិគន្ធបុប្ផាថែមទៀត បន្ថែមលើវិភាគទានដំបូងរបស់រាជរដ្ឋាភិបាលចំនួនជាង ៤០ ពាន់លានរៀល ដែលបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាកន្លងមក។ ដូច្នេះ ថវិកាដែលរដ្ឋបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០១៩ នេះ មានចំនួន សរុប ១៤២ ពាន់លានរៀល, (២) មូលនិធិគន្ធបុប្ផាកម្ពុជានឹងចូលរួមបំពាក់សម្ភារៈបរិក្ខានៅក្នុងបន្ទប់សង្គ្រោះបន្ទាន់សម្រាប់កុមារ និងទារក ក្នុងអគារថ្មីដែលកំពុងធ្វើការសាងសង់ ក្នុងទីតាំងមន្ទីរពេទ្យគន្ធបុប្ផាទី១ និង (៣) មូលនិធិគន្ធបុប្ផាកម្ពុជានឹងប្រគល់ដីដែលទទួលបានពីការបរិច្ចាគរបស់អ្នកឧកញ៉ា គិត ម៉េង ទៅជាទ្រព្យសម្បត្តិរដ្ឋ សម្រាប់ជូនមន្ទីរពេទ្យគន្ធបុប្ផាប្រើប្រាស់ជារៀងរហូត ដោយមិនមានកំណត់ពេលវេលា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យលេខាធិការដ្ឋានខិតខំបំពេញការងារបន្ថែមទៀត ក្នុងការផ្សព្វផ្សាយឲ្យសាធារណជនទូទៅបានយល់ដឹងអំពីគោលដៅចម្បងនៃការបង្កើត “មូលនិធិគន្ធបុប្ផាកម្ពុជា” នេះឡើង ដើម្បីកៀរគរធនធានហិរញ្ញវត្ថុត្រៀមបម្រុងសម្រាប់ទ្រទ្រង់និរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង ដោយរក្សាបាននូវគោលការណ៍ផ្តល់សេវាដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។ ការចូលរួមបរិច្ចាគធនធានចូលទៅក្នុងមូលនិធិគន្ធបុប្ផា គឺជាកាយវិការសប្បុរសដ៏ប្រពៃរបស់ជនជាតិកម្ពុជា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ នៅក្រោមពាក្យស្លោក “ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា”។