ព័ត៌មាន និងសេចក្តីជូនដំណឹង

៥ម៉ឺនដុល្លារពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និង៨០លានរៀលពីគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅរសៀលថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩, លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបប្រតិភូពីរក្រុម មកពីខេត្តព្រះសីហនុ ដើម្បីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងដើម្បីកៀរគរអំណោយ ឧបត្ថមធន និងវិភាគទានពីប្រភពស្របច្បាប់នានា ដើម្បីធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ប្រតិភូក្រុមទី០១ ដែលដឹកនាំដោយលោកជំទាវ គឹម ញ៉ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយមានការចូលរួម និងសម្របសម្រួលពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បាននាំមកនូវថវិកា ៥០ ០០០ (ហាសិបពាន់ដុល្លារ)អាមេរិក និងប្រតិភូក្រុមទី០២ ដែលដឹកនាំដោយលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្ត បាននាំមកនូវថវិកាបរិច្ចាគចំនួន ៨០ ០០០ ០០០ (ប៉ែតសិបលាន) រៀល។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកនៃសាខាកាកបាទក្រហមខេត្តព្រះសីហនុចំពោះទឹកចិត្តសប្បុរសធម៌នេះ ហើយក៏សូមថ្លែងអំណរគុណផងដែរ ជូនចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា លោកឧកញ្ញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលជាសមាជិកគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះការចូលរួមបរិច្ចាគជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
______________________
ការបរិច្ចាគចូលជាសមាជិកដោយមិនមានបង់ថ្លៃសេវាតាមរយៈ
១). ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
២). ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
៣). ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
៤). ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
– ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– លេខទូរស័ព្ទ 061 701 111 / 096 701 1111